(វ៉ាស៊ីនតោន)៖ បុគ្គលិកម្នាក់ប្រចាំការិយាល័យរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី ម៉ារីយ៉ា ខេនត៍វែល (Maria Cantwell) ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 ហើយនេះគឺជាករណីឆ្លងដំបូងគេបំផុត ដែលត្រូវបានរាយការណ៍លើបុគ្គលិកសភាអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន The Hill នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។
បើតាមសេចក្ដីជូនដំណឹងពីការិយាល័យ Cantwell បុគ្គលិកម្នាក់ខាងលើ កំពុងទទួលការព្យាបាន ក្រោមការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ហើយការិយាល័យរបស់លោកស្រីសមាជិកព្រឹទ្ធសភា ក្នុងទីក្រុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ត្រូវបានបិទទ្វារបណ្ដោះអាសន្ន ដើម្បីលាងសម្អាតសម្លាប់មេរោគ។
សេចក្ដីជូនដំណឹងដដែលបាន បញ្ជាក់បន្ថែមដូច្នេះថា «បុគ្គលិកដែលឆ្លង COVID-19 មិនទាន់ត្រូវបានគេដឹងថា ធ្លាប់បានប៉ះពាល់ជាមួយសមាជិកព្រឹទ្ធសភា ឬសភាណាមួយនោះទេ។ ព្រឹទ្ធសភាបានស្នើឱ្យមានការធ្វើតេស្ដលើបុគ្គលិកដទៃ ដែលបានប៉ះពាល់ជាមួយបុគ្គលិករូបនោះ ឬបង្ហាញរោគសញ្ញាសង្ស័យ»។
បច្ចុប្បន្ននៅទូទាំងសហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 ចំនួន ១,២៦៧ករណី ក្នុងនោះអ្នកជំងឺ ៣៨នាក់ស្លាប់៕