(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៣១៨នាក់ បន្ថែមទៀតត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយស្ថាពរឡើងវិញ ខណៈចំនួនអ្នកឆ្លង និងស្លាប់ថ្មីៗធ្លាក់មកកម្រិតទាបបំផុត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការសុខាភិបាលចិនក៏បានឲ្យដឹងទៀតថា តួលេខសរុបនៃអ្នកដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនដល់ ៦២,៧៩៣នាក់ហើយ។ ចំនួនករណីសរុប នៃអ្នកដែលបានឆ្លងវីរុស COVID-19 ក៏បានកើនដល់ ៨០,៧៩៣ករណី ហើយក្នុងនោះអ្នកជំងឺ ៣,១៦៩ នាក់បានស្លាប់។
ជាការកត់សម្គាល់ អត្រាអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចិន ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះរីករាលដាលជំងឺនេះ ហាក់ដូចជាមានការថមថយច្រើនខ្លាំង នារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសមួយនេះ។
ដោយឡែកករណីឆ្លងនៅក្រៅទឹកដីចិនឯណោះវិញ ហាក់កំពុងផ្ទុះឡើងយ៉ាងឆាប់រហ័ស ដូចជានៅប្រទេសអ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម៕