(ហ្សាការតា)៖ ប្រភពពីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនាថ្ងៃពុធនេះបានឲ្យដឹងថា ស្រ្តីវ័យ៥៣ឆ្នាំម្នាក់ទើបតែបានបាត់បង់ជីវិត ក្រោយឆ្លង ជំងឺ COVID-19 ដែលវាគឺជាករណីស្លាប់ដំបូងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។
យោងតាមការបញ្ជាក់របស់លោក Achmad Yurianto ដែលជាមន្រ្តីម្នាក់នៃក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ស្រ្តីម្នាក់នោះគឺជាជនបរទេស ដែលស្ថានភាពសុខភាពរបស់គាត់ គឺបានស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំងរួចស្រេចទៅហើយ នៅពេលត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយការធ្វើតេស្តរកឃើញ COVID-19។
យ៉ាងណាមិញ លោក Yurianto មិនបានប្រាប់ឲ្យច្បាស់ថា ស្រ្តីជាអ្នកជំងឺ COVID-19 ខាងលើ ដែលបានបាត់បង់ជីវិត មកពីប្រទេសណា ឬក៏គាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ឬទីក្រុងមួយណារបស់ឥណ្ឌូណេស៊ីឡើយ ប៉ុន្តែលោកបានត្រឹមបង្ហើបថា ស្ថានទូតនៃប្រទេសរបស់គាត់ បានជ្រាបពីដំណឹងរបស់មរណភាពរបស់គាត់ហើយ ហើយនឹងរៀបចំចាត់ចែងដើម្បីបញ្ជូនសពគាត់ទៅកាន់ប្រទេសកំណើតវិញ។
គួរជម្រាបថា បច្ចុប្បន្ន នៅក្នុង ប្រទេសឥណ្ឌូណេស៊ី នៅមានអ្នកដែលឆ្លង COVID-19 ចំនួន២៦នាក់ទៀត៕