Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ អះអាងថាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្តរកវីរុស COVID-19 ប៉ុន្តែគ្រូពេទ្យនៅសេតវិមានថាមិនទាន់ចាំបាច់ (Video inside)

11-03-2020 11:41

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្ដរកវីរុស COVID-19 ប៉ុន្តែនៅតែទទូចដដែលថា លោកមានសុខភាពល្អពេញលេញ ខណៈក្រុមគ្រូពេទ្យសេតវិមានយល់ថា ការធ្វើតេស្ដនេះមិនទាន់មានភាពចាំបាច់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Le Figaro នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

លោក ដូណាល់ ត្រំា ធ្វើការកត់សម្គាល់ខាងលើ កំឡុងថ្លែងទៅកាន់សមាជិកសភាបក្សសាធារណរដ្ឋ នៅឯសភាជាតិអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ស្ថិតក្នុងឱកាសនោះ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «មកដល់ម៉ោងនេះ ខ្ញុំមានសុខភាពល្អពេញបរិបូណ៌។ ខ្ញុំបានត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើតេស្ដ... ប៉ុន្តែនៅពេលខ្ញុំប្រាប់ក្រុមគ្រូពេទ្យសេតវិមាន ពួកគេនិយាយថា វាមិនមានហេតុផលត្រូវធ្វើតេស្ដឡើយ ខណៈគ្មានរោគសញ្ញាអ្វីទាល់តែសោះ»

គួរជម្រាបថា សេតវិមានកាលពីថ្ងៃចន្ទបានអះអាងថា លោក ដូណាល់ ត្រាំមិនបានទទួលការធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មី ឬ COVID-19 ឡើយ បើទោះជាមនុស្សជំនិតរបស់លោកម្នាក់ ហើយដែលលោកផ្ទាល់បានចាប់ដៃ បានស្ម័គ្រចិត្តអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានប៉ះពាល់ដោយជាមួយអ្នកឆ្លងជំងឺនេះក៏ដោយ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 សរុប ១,០០១ករណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងររហូតដល់ ២៣នាក់ហើយបានបាត់បង់ជីវិត៕