(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២០ នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៥៧៨នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយស្ថាពរឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ ២០២០។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ គណៈកម្មាធិការសុខាភិបាលចិនក៏បានឲ្យដឹងទៀតថា តួលេខសរុបនៃអ្នកដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនដល់ ៦១,៤៧៥នាក់ហើយ។ ចំនួនករណីសរុប នៃអ្នកដែលបានឆ្លងវីរុស COVID-19 ក៏បានកើនដល់ ៨០,៧៧៨ករណី ហើយក្នុងនោះអ្នកជំងឺ ៣,១៥៨នាក់បានស្លាប់។
ជាការកត់សម្គាល់ អត្រាអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចិន ដែលជាចំណុចចាប់ផ្តើម នៃការផ្ទុះរីករាលដាលជំងឺនេះ ហាក់ដូចជាមានការថមថយច្រើន នារយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាសញ្ញាល្អមួយសម្រាប់ប្រទេសមួយនេះ។ ដោយឡែកករណីឆ្លងនៅក្រៅទឹកដីចិនឯណោះវិញ ហាក់កំពុងផ្ទុះឡើងយ៉ាងឆាប់រហ័ស ដូចជានៅប្រទេសអ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ បារាំង និងអង់គ្លេសជាដើម៕