(ឡុងដ៍)៖ សមាជិកសភាមកពីគណបក្សអភិរក្សនិយម និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់អង់គ្លេស លោកស្រី ហាដាញ ដ័ររីស៍ (Nadine Dorries) ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានឆ្លងមេរោគកូរ៉ូណាថ្មី ឬ COVID-19 បន្ទាប់ពីធ្លាក់ខ្លួនឈឺកាលពីថ្ងៃសុក្រសប្តាហ៍មុន និងត្រូវបានគេធ្វើតេស្តរកវីរុស។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

សារព័ត៌មានខាងលើនេះបានបន្តទៀតថា លោកស្រីបានជួបមនុស្សរាប់រយនាក់ នៅក្នុងសភាកាលពីសប្តាហ៍មុន ហើយក៏បានចូលរួមពិធីទទួលភ្ញៀវ ជាមួយលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន (Boris Johnson) ផងដែរ។ ប្រការនេះវាបានធ្វើឲ្យមានក្តីបារម្មណ៍កាន់ខ្លាំងឡើង ចំពោះហានិភ័យនៃជំងឺដ៏កាចសាហាវនេះ នៅទូទាំងចក្រភពអង់គ្លេស ជាពិសេសក្នុងចំណោមមន្ត្រីជាន់ខ្ពស់។

អ្នកនយោបាយវ័យ ៦២ឆ្នាំរូបនេះ ដែលបានចាប់ផ្តើមអាជីពដំបូងជាគិលានុបដ្ឋាយិកា បានសរសរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ក្រោយពីដឹងថា លោកស្រីបានឆ្លងជំងឺ COVID-19 យ៉ាងដូច្នេះថា «យ៉ាប់ណាស់ខ្ញុំនេះ! ប៉ុន្តែខ្ញុំសង្ឈឹមថា ខ្ញុំបានឆ្លងកាត់ស្ថានការណ៍ដ៏អាក្រក់រួចហើយ»។ ជាមួយគ្នានេះ លោកស្រីក៏បានបន្ថែមទៀតថា អ្វីដែលធ្វើឲ្យលោកស្រីព្រួយបារម្មណ៍បំផុតនោះ គឺជាអ្នកម្តាយរបស់លោកស្រីអាយុ ៨៤ឆ្នាំ ដែលរស់នៅជាមួយគ្នា ហើយឥឡូវគាត់កំពុងចាប់ផ្តើមមានអាការៈក្អក កាលពីថ្ងៃអង្គារម្សិលមិញនេះដែរ។

គួរជម្រាបថា ការប្រកាសឲ្យដឹងនេះ គឺកើតឡើងបន្ទាប់ពីមានមនុស្ស ០៦ នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារជំងឺឆ្លង COVID-19 ខណៈចំនួនអ្នកឆ្លងបានកើនដល់៣៨២នាក់ នៅទៅទូទាំងចក្រភពអង់គ្លេស៕