(វូហាន)៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើដំណើរទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងវូហាន នៃខេត្តហ៊ូប៉ី ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង នៃកិច្ចបង្ការ និងទប់ស្កាត់វីរុសកូរ៉ូណាថ្មី (COVID-19) ហើយលោកក៏បានជម្រុញ និងលើកទឹកចិត្តឲ្យគ្រប់គ្នា ប្តេជ្ញាប្រយុទ្ធនឹងវីរុសនេះ រហូតដល់ទទួលបានជោគជ័យទាំងស្រុងតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។
នៅក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងវូហាន នៃខេត្តហ៊ូប៉ីលើកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរទៅពិនិត្យមើលការបំពេញកិច្ចការងាររបស់បុគ្គលិកពេទ្យ, មន្ត្រីយោធា និងនាយទាហាន, បុគ្គលិកសហគមន៍, មន្ត្រីប៉ូលិស, ព្រមទាំងមន្ត្រី និងប្រជាជនស្ម័គ្រចិត្ត ដែលកំពុងស្ថិតក្នុងខ្សែត្រៀមជួរមុខ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។
លោក ស៊ី បានលើកឡើងនាអំឡុងដំណើរទស្សនកិច្ច នៅមន្ទីរពេទ្យហួសិនសាន (Houshenshan) ក្នុងទីក្រុងវូហានយ៉ាងដូច្នេះថា «បុគ្គលិកពេទ្យទាំងអស់នៅទីនេះ ប្រៀបបីដូចជាទេពធីតាដ៏ស្រស់ស្អាតបំផុត និងជាអ្នកនាំនូវពន្លឺ ព្រមទាំងក្តីសង្ឃឹមជូនដល់គ្រប់គ្នា»។ លោក ស៊ី បានគូសបញ្ជាក់នូវសារមួយថា «វីរុសត្រូវបានទប់ស្កាត់ជាមូលដ្ឋាន នៅក្នុងខេត្តហ៊ូប៉ី និងទីក្រុងវូហាន»។
តំណាងឲ្យគណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនិស្តចិន លោក ស៊ី ជិនពីង ក៏បានចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ ដែលបានបាត់បង់សមាជិក ដោយសារជំងឺ COVID-19 និងអ្នកដែលបានបូជាជីវិតរបស់ពួកគេ នៅក្នុងខ្សែត្រៀមជួរមុខនេះ។ លោក ស៊ី បានសង្កត់ធ្ងន់ទៀតថា បុគ្គលិកពេទ្យជួរមុខបានបំពេញបេសកកម្មដ៏លំបាកបំផុត ហើយយើងអាចហៅពួកគេថា «ជាមនុស្សដែលគួរឱ្យកោតសរសើរបំផុត នៅក្នុងយុគសម័យថ្មីនេះ» ដែលសមនឹងទទួលបានការសរសើរខ្ពស់បំផុត។
គួរបញ្ជាក់ថា ក្រៅពីការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ ពិនិត្យមើលតថភាពជារួមក្នុងទីក្រុងវូហាន និងការជួបសំណេះសំណាលជាមួយមន្ត្រីនានា ដែលកំពុងបម្រើការងារ នៅខ្សែត្រៀមជួរមុខនេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិនក៏បានជំនួបសួរសុខទុក្ខអ្នកជំងឺជាច្រើននាក់ តាមរយៈវីដេអូលីងផងដែរ និងបានជូនពរឲ្យពួកគេ ឆាប់ជាសះស្បើយឡើងវិញ ប្រកបដោយភាពក្លាហានបំផុត៕