(អៀរឡង់)៖ កម្មករម្នាក់នៅឯទីស្នាក់ការកណ្តាលតំបន់អឺរ៉ុប របស់ក្រុមហ៊ុន Apple Inc. ដែលស្ថិតក្នុងប្រទេសអៀរឡង់ ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ផ្ទុកវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។
ក្រុមហ៊ុន Apple បានឲ្យដឹងថា ខ្លួនកំពុងសម្របសម្រួលយ៉ាងជិតស្និទ ជាមួយនឹងអាជ្ញាធរសុខាភិបាលក្នុងតំបន់ ហើយពួកគេថា ហានិភ័យនៃការឆ្លង ទៅកាន់អ្នកដទៃទៀត គឺមានកម្រិតទាប។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះបានឲ្យដឹងថា កម្មករដែលផ្ទុកមេរោគនោះបច្ចុប្បន្ននៅដាច់ដោយឡែកពីគេដោយខ្លួនឯង។
Apple គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលមានកម្មករចម្រុះជាតិសាសន៍ច្រើនជាងគេបំផុត នៅក្នុងប្រទេសអៀរឡង់ជាមួយនឹងកម្មករចំនួន៦,០០០នាក់។
គិតរហូតដល់ពេលនេះ អៀរឡង់ មានករណីឆ្លងមេរោគចំនួន២៤ករណីហើយ បន្ទាប់ពី៣ករណីថ្មីទៀត ត្រូវបានរកឃើញនៅថ្ងៃចន្ទ៕