(អេស្ប៉ាញ)៖ អេស្ប៉ាញ នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តបិទសភាជាន់ទាប សាលារៀននៅតាមតំបន់ជាច្រើន ក្នុងរយៈពេលមួយសប្ដាហ៍ ខណៈពិធីជួបជុំនៅតាម ទីសាធារណៈមានមនុស្សលើសពី១,០០០នាក់ ក៏ត្រូវបានហាមឃាត់ផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
ការសម្រេចចិត្តបិទសភាជាន់ទាប ធ្វើឡើងបន្ទាប់ពីសមាជិកសភា លោក Javier Ortega Smith ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។ គណបក្សរបស់លោក បានឱ្យដឹងថា សមាជិកសភារបស់ខ្លួន នឹងបំពេញការងារពីផ្ទះ រហូតដល់មានការជូនដំណឹងជាថ្មី ហើយដែលការប្រកាសនេះទៀតសោត បានបង្ខំឱ្យសភាជាន់ទាប ត្រូវ បិទទា្វររយៈពេលមួយសប្ដាហ៍។ ម្យ៉ាងវិញទៀត ជាវិធានការបង្ការ និងទប់ស្កាត់ អាជ្ញាធរអេស្ប៉ាញ ក៏បានប្រកាសលុបចោលរាល់ជើងហោះហើរដោយផ្ទាល់ទាំងអស់មកពី ប្រទេសអ៉ីតាលី សម្រាប់រយៈពេល២សប្ដាហ៍ ដោយរាប់ចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ។
បច្ចុប្បន្ន អេស្ប៉ាញមានអ្នកស្លាប់ដោយសារ COVID-19 ៣៥នាក់ និងឆ្លងជាង ១,៦២២នាក់៕