(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ចំនួននៃការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៧៥០ករណីហើយ ដោយក្នុងនោះអ្នកជំងឺដែលបានស្លាប់សរុប មានចំនួន ២៦នាក់។
២៖ នាថ្ងៃអង្គារនេះមន្ទីរពេទ្យបណ្តោះអាសន្នទាំងអស់នៅទីក្រុងវូហាន (Wuhan) ដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលនូវ COVID-19 ក្នុងប្រទេសចិនត្រូវបានបិទទ្វារទៅវិញហើយ ស្របពេលដែលស្ថានការណ៍កាន់តែប្រសើរខ្លាំងឡើង។
៣៖ ក្រសួងសុខាភិបាលជប៉ុននៅល្ងាចថ្ងៃអង្គារ (ម៉ោងនៅទីក្រុងតូក្យូ) នេះបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ៥១៩ករណីហើយ ដោយក្នុងនោះអ្នកជំងឺសរុប ២៧នាក់បានបាត់បង់ជីវិត។
៤៖ វៀតណាមអះអាងថា ស្ត្រីម្នាក់ទើបត្រឡប់មកពីសហរដ្ឋអាមេរិកមានផ្ទុក COVID-19 ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់៣៤ករណី។
៥៖ អ៉ីតាលី បានក្លាយជាប្រទេសដំបូងគេបំផុតនៅលើពិភពលោក ដែលបានសម្រេចចិត្តបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដែលបាន ផ្ដាច់ជីវិតមនុស្ស ៤៦៣នាក់ និងឆ្លងជាង ៩,១៧២នាក់ នៅទូទាំងប្រទេស។ ចំនួននេះបានធ្វើឱ្យអ៉ីតាលី មានចំនួនអ្នកស្លាប់ និងឆ្លងច្រើនជាងគេបំផុត បន្ទាប់ពីចិន។
៦៖ មជ្ឈមណ្ឌលគ្រប់គ្រងអវកាសនៅទីក្រុងប៉េកាំង (BACC) បានប្រកាសនៅថ្ងៃអង្គារនេះថា ក្រុមជំនាញចិនទើបតែបានបញ្ចប់ការធ្វើតេស្ត បន្ថែមទៀតលើយានរុករកភពអង្គារ ដែលនឹងត្រូវបាញ់បញ្ជូនទៅកាន់ភពក្រហមមួយនេះ នៅអំឡុងឆ្នាំ២០២០ នេះតែម្តង៕