(ប្រ៊ុយណេ)៖ ក្រសួងសុខាភិបាលនៃប្រទេសប្រ៊ុយណេ នាថ្ងៃអង្គារនេះ បានប្រកាសថា មនុស្ស០៥នាក់ទៀតត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ មាន COVID-19 ដែលប្រការនេះធ្វើឲ្យករណីសរុបកើនដល់០៦នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរដ្ឋព្រុយណេ Borneo Bulletin នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
ប្រ៊ុយណេទើបតែបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ដំបូង នៅក្នុងប្រទេសខ្លួន កាលពីថ្ងៃចន្ទម្សិលមិញប៉ុណ្ណោះ ហើយឥឡូវ លទ្ធផលបឋមនៃការធ្វើតេស្តពិនិត្យរកមើល COVID-19 ទៅលើមនុស្ស៥នាក់ទៀតដែលជិតស្និទ្ធនឹងបុគ្គលករណីទីមួយនោះ បានបង្ហាញ ចេញមក «វិជ្ជមាន»។ ពួកគេទាំង០៥នាក់នោះ គឺជាប្រពន្ធ កូនពីរនាក់ ព្រមទាំងមិត្តភក្តិម្នាក់របស់បុរសនោះ រួមជាមួយមិត្តភក្តិម្នាក់របស់ កូនប្រុសគាត់។
គួរជម្រាបថា បើតាមក្រសួងសុខាភិបាលប្រ៊ុយណេ បុរសករណីទីមួយនោះ បានទៅចូលរួមពិធីជួបជុំសាសនាមួយនៅទីក្រុងគូឡាឡាំពួរនៃ ប្រទេសម៉ាឡេស៊ី ជាមួយអ្នករួមដំណើរ០៣នាក់ទៀត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយអ្នកទាំង០៤បានវិលត្រឡប់មកដល់ ប្រ៊ុយណេវិញកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ទីក្រុង Miri របស់ម៉ាឡេស៊ី តាមជើងហោះហើរ AK5651 របស់ក្រុមហ៊ុន អាកាសចរណ៍ Air Asia៕