(កាណាដា)៖ អាជ្ញាធរកាណាដា បានអះអាងពីករណីស្លាប់ដំបូង នៃអ្នកជំងឺ COVID-19 នៅក្នុងប្រទេស។ ជនរងគ្រោះគឺជាបុរសម្នាក់រស់នៅ ក្នុងមជ្ឈមណ្ឌលមនុស្សចាស់មួយ កន្លែង នៅក្នុងទីក្រុង North Vancouver។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលកាណាដា បុរសខាងលើ គឺជាអ្នករស់នៅក្នុងមជ្ឈមណ្ឌលថែទាំងមនុស្សចាស់ Lynn Valley Care Centre នៃទីក្រុង North Vancouver ប៉ុន្តែមិនបាន បញ្ជាក់លម្អិតពីអាយុជនរងគ្រោះនោះទេ ដោយគ្រាន់តែឱ្យដឹងថាអ្នកជំងឺរូបនេះបានស្លាប់កាលពីយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ មជ្ឈមណ្ឌលថែទាំងមនុស្សចាស់ Lynn Valley Care Centre មានមនុស្សចាស់២០០នាក់រស់នៅ ហើយបច្ចុប្បន្ន កាណាដាមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាង៧០ករណី ភាគច្រើននៅក្នុងខេត្ត British Columbia ៕