Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

COVID-19: អ្នកនយោបាយអាមេរិកជាន់ខ្ពស់៥រូប មកពីគណបក្សសាធារណរដ្ឋ ស័្មគ្រចិត្តអនុវត្តវិធានការ «ស្ថិតនៅដាច់ដោយឡែកពីគេ» (Video inside)

10-03-2020 14:25

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់៥រូប មកពីគណបក្សសាធារណរដ្ឋ បានស្ម័គ្រចិត្ត អនុវត្តវិធានការស្ថិតនៅដាច់ដោយឡែកពីគេ បន្ទាប់ពីធ្លាប់បានប៉ះពាល់ជាមួយមនុស្សម្នាក់ ដែល ត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់៥រូបខាងលើ ក្នុងនោះរួមមាន សមាជិកព្រឹទ្ធសភាមកពីរដ្ឋតិចសាស់ លោក Ted Cruz បានស្ម័គ្រចិត្តអនុវត្តវិធានការស្ថិតនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ក្រោយពួកគេធ្លាប់បានចាប់ដៃជាមួយ មនុស្សម្នាក់ ដែលត្រូវបានគេធ្វើតេស្តរកឃើញផ្ទុកជំងឺ COVID-19 នៅឯសន្និសីទមួយ ដែលលោក ដូណាល់ ត្រាំ ក៏បានចូលរួម ផងដែរ កាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែ សេតវិមាន អះអាងថាប្រធានាធិបតីអាមេរិករូបនេះ មានសុខភាពល្អ មិនចាំបាច់ធ្វើតេស្ដរកមេរោគនេះទេ ខណៈសមាជិកសភាម្នាក់ មកពីគណបក្សប្រជាធិបតេយ្យម្នាក់ ក៏បានស្ម័គ្រចិត្តអនុវត្តវិធានការស្ថិតនៅដាច់ដោយឡែកពីគេដែរ ដោយសារលោកស្រីធ្លាប់បានជួបជាមួយអ្នកផ្ទុកជំងឺ COVID-19។

មន្ត្រីបក្សសាធារណរដ្ឋទាំង៥រូបខាងលើ រួមមានសមាជិកព្រឹទ្ធសភា មកពីរដ្ឋតិចសាស់ លោក Ted Cruz, សមាជិកសភានៃរដ្ឋ Arizona លោក Paul Gosar, សមាជិកសភា មកពីរដ្ឋ Georgia លោក Doug Collins, លោក Matt Gaetz ជាសមាជិកសភាមកពីរដ្ឋ Florida និងសមាជិកសភា មកពីរដ្ឋ North Carolina លោក Mark Meadows។

បច្ចុប្បន្ន សហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 ច្រើនជាង ៧០០ករណី ក្នុងនោះ២៦នាក់ស្លាប់។