(វ៉ាស៊ីនតោន)៖ ខណៈមេរោគកូរ៉ូណាថ្មី ឬ COVID-19 បន្តរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក សាលារៀន និងសាកលវិទ្យាល័យជាច្រើន បានសម្រេចចិត្តបញ្ចប់ថ្នាក់ឆមាសរបស់ខ្លួនមុនកាលកំណត់ ដោយចាប់ផ្ដើមបើកថ្នាក់បង្រៀន តាមប្រព័ន្ធអ៉ិនធើណិតជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
សាលារៀន និងសាកលវិទ្យាល័យនៅក្នុងរដ្ឋវ៉ាស៊ីនតោនស្ទេត ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារវីរុស COVID-19 ក៏បានអនុវត្តវិធានការដូចគ្នានេះដែរ ស្របពេលសាកលវិទ្យាល័យ ខូឡុំបៀ (Columbia University), ញូយ៉ក (New York University), ហ្វកហេម (Fordham University) និង បាណាដ (Barnard College) ក្នុងទីក្រុងញូយ៉កវិញ សុទ្ធតែនាំគ្នាចាប់ផ្ដើមការបង្រៀនតាមប្រព័ន្ធអ៉ិនធើណិត។
បន្ថែមពីនេះសាលា អាមហឺសត៍ (Amherst College) បានសម្រេចចិត្តនឹងបញ្ចប់ឆមាសរបស់ខ្លួនទាំងស្រុងមុនកាលកំណត់ រីឯថ្នាក់រៀនទាំងអស់នឹងត្រូវលុបចោលនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ
មិនតែប៉ុណ្ណោះ សាកលវិទ្យាល័យមួយនេះ ក៏បានហាមនិស្សិតមិនឱ្យស្នាក់នៅជុំរំសិក្សាផងដែរ រហូតដល់ថ្ងៃទី១៦ ខែមីនា ហើយការសិក្សាតាមប្រព័ន្ធអ៉ិនធើណិត នឹងត្រូវអនុវត្តដល់ថ្ងៃទី២៣ ខែមីនា ខណៈសាលា និងសាកលវិទ្យាល័យនៅតាមបណ្តារដ្ឋនាតំបន់ឆ្នេរភាគខាងលិច ប្រកាសពីការបើកថ្នាក់រៀនតាមអ៉ិនធើណែត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
ដោយឡែក ជុំវិញ COVID-19 នេះដែរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់ដូចជាមិនមានការព្រួយបារម្ភអ្វីនោះទេ ដោយនៅក្នុងសារមួយបង្ហោះលើ Twitter លោកបានលើកឡើងដូច្នេះថា «កាលពីឆ្នាំ២០១៩ ប្រជាជនអាមេរិក ៣៧,០០០នាក់ បានស្លាប់ដោយសារជំងឺផ្ដាសាយធម្មតា ហើយបើគិតជាអាត្រាអ្នកស្លាប់ក្នុងមួយឆ្នាំៗវិញមានពី ២៧,០០០-៧០,០០០នាក់។ ប៉ុន្តែសេដ្ឋកិច្ចនៅតែដើរទៅមុខ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 ៥៤៦ករណី, ស្លាប់២២នាក់ ដូច្នេះសាកគិតពីវាទៅមើល»៕