(ប៉ារីស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន ADP ដែលគ្រប់គ្រងលើអាកាសយានដ្ឋានអន្តរជាតិដ៏ធំចំនួនពីររបស់បារាំងគឺ ឆាឡេស ដឺ ហ្គាល់ឡេ (Charles de Gaulle) និងអ័រលី (Orly) នៃទីក្រុងប៉ារីស ត្រូវបានគេធ្វើ តេស្ដរកឃើញផ្ទុកវីរុស COVID-19។ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Strait Times នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
លោក អាហ្គូស្ទីន ដឺ រ៉ូម៉ាណេត (Augustin de Romanet) ត្រូវបានគេធ្វើតេស្ដរកឃើញឆ្លង COVID-19 កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយបើតាមអ្នកនាំពាក្យក្រុមហ៊ុនស្ថានភាពសុខភាព របស់លោកស្ថិតនៅក្នុងភាពប្រក្រតី។ យ៉ាងណាក៏ដោយ លោក Augustin ត្រូវអនុវត្តវិធានការស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដោយធ្វើការពីផ្ទះ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតរកអ្នក ដែលធ្លាប់ទាក់ទងជាមួយរូបលោក។
គួរបញ្ជាក់ថា បច្ចុប្បន្នបារាំងមានករណីឆ្លង COVID-19 ច្រើនជាង ១,២០០ករណី និង ១៩នាក់បានស្លាប់។ ចំនួននេះបានធ្វើឱ្យបារាំង ក្លាយជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ច្រើនជាងគេបំផុតនៅអឺរ៉ុប បន្ទាប់ពីអ៉ីតាលី៕