(អ៉ីតាលី)៖ នាយករដ្ឋមន្រ្តីអុីតាលីលោក Giuseppe Conte បានប្រកាសសម្រេចឲ្យផ្អាករាល់ការប្រកួតកីឡាទាំងអស់នៅក្នុងប្រទេស រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ដោយសារការរីករាលដាល Covid-19 នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
សេចក្តីប្រកាសនេះក៏រួមបញ្ចូលទាំងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលអុីតាលី Serie A ថែមទាំងក្រុមជម្រើសជាតិ និងការប្រកួតផ្សេងៗដែលនឹងធ្វើឡើងនៅប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះ ក៏ត្រូវពន្យារពេលប្រកួតដូចគ្នា។
ការសម្រេចផ្អាកការប្រកួតទាំងឡាយនៅប្រទេសអុីតាលីនេះដែរ ក៏ព្រោះតែប្រទេសនេះកំពុងតែរីករាលដាលខ្លាំងជាងគេ ក្នុងចំណោមប្រទេសនៅទ្វីបអឺរ៉ុប ដែលត្រូវបានរកឃើញករណីឆ្លងកើនដល់ជាង ៩០០០ករណី និងស្លាប់ជាង ៤៥០នាក់ រហូតមកទល់នឹងពេលនេះ និងប្រជាជននៃប្រទេសនេះប្រមាណ ១៦លាននាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេទៀតផង៕