(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនាថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-១៩ ចំនួន១៣នាក់ថែមទៀត ដែលប្រការនេះ ធ្វើឲ្យករណីសរុបនៅទូទាំងប្រទេសឥណ្ឌូណេស៊ីកើនដល់១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅ ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។
លោក Achmad Yurianto ដែលជាមន្រ្តីសុខាភិបាលម្នាក់របស់ឥណ្ឌូណេស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងចំណោមករណី ទាំង១៣ខាងលើ មាន១១នាក់ជាពលរដ្ឋឥណ្ឌូណេស៊ីផ្ទាល់ និង២នាក់ជាជនបរទេស ហើយពួកគេមានអាយុចន្លោះពី១៦ដល់៥៩ឆ្នាំ ហើយអ្នកខ្លះបានធ្វើប្រាស្រ័យទាក់ទងជាមួយ អ្នកជំងឺ COVID-19 ពីរនាក់ ដែលឥណ្ឌូណេស៊ីបានប្រកាសកាលពីមួយសប្តាហ៍មុន ថាជា ករណីដំបូងនៅក្នុងប្រទេសខ្លួន។
គួរជម្រាបថា អ្នកជំងឺ២នាក់ដំបូងនៅឥណ្ឌូណេស៊ី ដែលជាម្តាយអាយុ៦៤ឆ្នាំ និងកូនស្រីអាយុ៣១ឆ្នាំ ត្រូវបានគេធ្វើតេស្តឃើញមាន COVID-19 បន្ទាប់ពីអ្នកទាំងពីរបានធ្វើប្រាស្រ័យទាក់ទងជាមួយបុរសជនជាតិជប៉ុនម្នាក់ ដែលមកពីម៉ាឡេស៊ី។ បុរសជនជាតិជប៉ុន នោះត្រូវបានម៉ាឡេស៊ីធ្វើតេស្តឃើញ COVID-19 ពេលត្រឡប់ទៅវិញ៕