(ឡុងដ៍)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិនសាល់ម៉ាន់ (Mohammad Bin Salman) បានចេញបញ្ជាឱ្យចាប់ខ្លួនសែរាជវង្សជាន់ខ្ពស់បីអង្គ ក្នុងនោះរួមមានទាំងព្រះបិតុលារបស់ព្រះអង្គផ្ទាល់ និងអតីតរាជទាយាទមួយអង្គ គឺធ្វើឡើងដើម្បីធានាថា ព្រះអង្គអាចនឹងក្លាយជាព្រះមហាក្សត្រ ដោយមិនចាំបាច់រង់ចាំរហូតដល់ព្រះបិតាព្រះអង្គសោយទិវង្គតឡើយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Middle East Eye នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។
Middle East Eye ផ្អែកលើប្រភពដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ មានបំណងឡើងគ្រងរាជ្យសម្បត្តិឱ្យបានមុនកិច្ចប្រជុំកំពូល G20 ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុងរីយ៉ាដ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ ប្រភពដដែលបានបន្ថែមទៀថា ព្រះអង្គម្ចាស់រាជទាយាទនឹងមិន រង់ចាំរហូតដល់ព្រះបិតាសោយទិវង្គត ដើម្បីក្លាយជាព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតឡើយ ព្រោះបិតារបស់ទ្រង់ បានប្រទានអំណាចទាំងអស់ថ្វាយព្រះអង្គរួចស្រេចទៅហើយ។ ប៉ុន្តែ ព័ត៌មានបែបនេះជារឿយៗ តែងតែត្រូវរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតទាត់ចោល។
គួរជម្រាបថា កាលពីសប្ដាហ៍មុន ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហំាម៉ាត់ ប៊ិន សាល់ម៉ាន់ ត្រូវបានគេរាយការណ៍ថា បានចេញបញ្ជាឱ្យចាប់ខ្លួនសែរាជវង្ស ជាន់ខ្ពស់បីអង្គក្នុងនោះរួមមានទាំង ព្រះបិតុលារបស់ព្រះអង្គផ្ទាល់ និងអតីតរាជទាយាទមួយអង្គ ដោយមិនមានការពន្យល់ពីហេតុផលឡើយ ខណៈកាសែតអាមេរិក Wall Street Journal ចុះផ្សាយថា ការចាប់ខ្លួននេះគឺមានជាប់ពាក់ព័ន្ធនឹង «អំពើក្បត់ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។
Wall Street Journal ដែលជាអ្នកចេញផ្សាយព័ត៌មានខាងលើមុនគេបានឱ្យដឹងថា ព្រះអង្គម្ចាស់ទាំងបីអង្គខាងលើ ក្នុងនោះរួមមាន ព្រះអនុជ (ប្អូនប្រុសបង្កើត) របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអឌីត គឺព្រះអង្គ អះម៉ាត់ ប៊ិន អាប់ឌុលអាហ្ស៊ីស (Ahmed bin Abdulaziz), អតីតរាជទាយាទ ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន ណាយេហ្វ ( Mohammed bin Nayef) និងព្រះអង្គម្ចាស់ ណាវ៉ាហ្វ ប៊ិន ណាយេហ្វ (Nawaf bin Nayef)។ កាសែតអាមេរិកមួយនេះ ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា ការចាប់ខ្លួនគឺធ្វើឡើងកាលពីថ្ងៃសុក្រកន្លងទៅ ដោយមានការយល់ព្រមពីព្រះមហាក្សត្រ សាល់ម៉ាន់ ហើយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហំាម៉ាត់ ប៊ិន សាល់ម៉ាន់ ចោទប្រកាន់ថា ព្រះអង្គម្ចាស់ទាំងបីអង្គមានជាប់ពាក់ព័ន្ធនឹង «អំពើក្បត់ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។
ព្រះអង្គម្ចាស់មហំាម៉ាត់ ប៊ិន សាល់ម៉ាន់ បានគ្រងតំណែងជារាជទាយាទអារ៉ាប៊ីសាអូឌីត ជំនួសព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន ណាយេហ្វ នៅក្នុងឆ្នាំ២០១៧ ហើយចុងឆ្នាំដដែលនេះ ព្រះអង្គម្ចាស់បានដឹកនាំយុទ្ធនាការ បោសសំអាតអំពើពុករលួយទ្រង់ទ្រង់ធំមួយនៅក្នុងប្រទេស តាមរយៈការចាប់ និងឃុំខ្លួនសែរាជ្យវង្សជាន់ខ្ពស់រាប់សិបនាក់ ដែលសកម្មភាពនេះត្រូវបានអ្នកជំនាញជាច្រើនយល់ថា ជាការពង្រឹងអំណាចរបស់ព្រះអង្គ៕