(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការប្រឹក្សាយោបល់ ក៏ដូចជារៀបចំកិច្ចសន្ទនា ដើម្បីសម្រេចឱ្យបាននូវសន្តិភាព សម្រាប់តំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ធ្វើការអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃចន្ទនេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បងអាវុធជាច្រើនគ្រាប់ចូលក្នុងសមុទ្រ។ បើតាមយោធាកូរ៉េខាងត្បូង នាព្រឹកថ្ងៃចន្ទនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល រយៈចំងាយខ្លីចំនួន ០៣គ្រាប់ចូលទៅក្នុងសមុទ្រខាងកើត។

មីស៊ីលទាំងនេះត្រូវបានបាញ់ចេញពីតំបន់ក្បែរក្រុង សុនដុក (Sondok) នៃខេត្តហាំយ៉ុងខាងត្បូង (South Hamyong) របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់ទិសឦសាន។ ជុំវិញហេតុការណ៍នេះ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ពួកវាហោះបានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ និងឡើងដល់កម្រិតខ្ពស់បំផុត ៥០គីឡូម៉ែត្រ។ ដោយឡែក កាលពីថ្ងៃទី០២ ខែមីនា កូរ៉េខាងជើងក៏បានធ្វើការបាញ់តេស្តមីស៊ីលស្រដៀងៗគ្នាបែបនេះដែរ។

យោងតាមយោធាកូរ៉េខាងត្បូងដដែល ការបាញ់មីស៊ីលនៅព្រឹកថ្ងៃចន្ទនេះ ទំនងជាស្ថិតក្នុងការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ និងប្រព័ន្ធជើងទម្រមីស៊ីល ក្រោយការ ធ្វើសមយុទ្ធស្រដៀងគ្នានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី០២ ខែមីនា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ០២គ្រាប់ កំឡុងសមយុទ្ធបាញ់កាំភ្លើងធំ ដែលមានលោក គីម ជុងអ៊ុន ជាអ្នកបញ្ជាផ្ទាល់៕