(រ៉ូម)៖ អ្នកទោសនៅក្នុងពន្ធនាគារចំនួន៤ នៅក្នុងប្រទេសអ៉ីតាលី បានបះបោរប្រឆាំងនឹងវិធានការទប់ស្កាត់ការរីករាលដាល ជំងឺ COVID-19 របស់រដ្ឋាភិបាល ដោយបណ្ដាលឱ្យអ្នកទោសម្នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។
បើតាមក្រុមការពារសិទ្ធិអ្នកទោស Antigone អ្នកទោសជាប់ឃុំក្នុងពន្ធនាគា Naples Poggioreale ស្ថិតនៅភាគខាងត្បូង, ពន្ធនាគារ Modena នៅភាគខាងជើង, ពន្ធនាគារ Frosinone ស្ថិតនៅភាគកណ្ដាល និងពន្ធនាគារ Alexandria ស្ថិតនៅភាគពាយព្យ ប្រទេសអ៉ីតាលី បានងើបបះបោរប្រឆាំងនឹង វិធានការប្រយុទ្ធប្រឆាំង នឹងជំងឺ COVID-19 នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអ៉ីតាលី Giuseppe Conte ក្នុងនោះរួមមានទាំង ការហាមគ្រួសារសាច់ញាតិអ្នកទោសមកសួរសុខទុក្ខ ដល់ពន្ធនាគារ។
ក្រុមការពារសិទ្ធិអ្នកទោស Antigone បានបញ្ជាក់ទៀតថា អ្នកទោសម្នាក់ដែលស្លាប់ខាងលើ ត្រូវបានរាយការណ៍នៅឯពន្ធនាគារ Modena រីឯមន្ត្រីពន្ធនាគារនេះ ពីរនាក់ក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា អំពើហិង្សា និងការបះបោរនៅក្នុងពន្ធនាគារអ៉ីតាលី កើតមានឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Giuseppe Conte បានដាក់ចេញនូវវិធានការរឹតត្បិត ជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអ៉ីតាលី ៣៦៦នាក់ និងឆ្លងជា ៧,៣៧៥នាក់។ វិធានការទាំងនោះ រួមមានការ ហាមគ្រួសារសាច់ញាតិអ្នកទោសមកសួរសុខទុក្ខដល់ពន្ធនាគារ, បិទរោងភាពយន្ដ, ក្លឹបរាត្រី, ព្រមទាំងបិទតំបន់ភាគខាងជើងនៃប្រទេស រហូតដល់ដើមខែមេសា ក្រោយនេះ៕