(ប៉េកាំង)៖ អាជ្ញាធរខេត្តអានហួយ (Anhui) ស្ថិតនៅភាគខាងកើតនៃប្រទេសចិន បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា មនុស្សទាំងបីនាក់ចុងក្រោយដែលបានឆ្លងជំងឺ COVID-19 នៅក្នុងខេត្តរបស់ខ្លួន ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញហើយ ដែលធ្វើឲ្យអត្រាអ្នកកើតជំងឺ សម្រាកព្យាបាល នៅមន្ទីរពេទ្យធ្លាក់មកដល់សូន្យ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី ០៩ ខែមីនា ឆ្នាំ ២០២០។
យោងតាមគណៈកម្មការសុខាភិបាលខេត្តអានហួយ គិតត្រឹមអាទិត្យម្សិលមិញ ករណីសរុប នៃអ្នកឆ្លង COVID-19 នៅទូទាំងខេត្តមានចំនួន ៩៩០ ករណីដែលក្នុងនោះ មាន ៦ នាក់បានស្លាប់ ខណៈ ៩៨៤ ករណីផ្សេងទៀតត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។
គណៈកម្មាការដដែល បានឲ្យដឹងទៀតថា បច្ចប្បន្នមានប្រជាជនសរុបចំនួន ៤៣២នាក់ កំពុងតែស្ថិត ក្រោមការត្រួតពិនិត្យតាមដាននៅឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរ អានហួយ មិនបានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺ COVID-19 នៅក្នុងខេត្តរបស់ខ្លួនចំនួន ១០ ថ្ងៃជាប់ៗហើយ៕