(ប៉េកាំង)៖ នៅក្នុងចំណោមមនុស្សបាត់បង់ជីវិតទាំងជាង ៣,១០០នាក់ ដោយសារតែជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិននោះ ក៏មានអ្នកបម្រើការងារសហគមន៍សរុប ៥៣នាក់ផងដែរ ដោយពួកគេបានខិតខំព្យាយាមបំពេញភារៈកិច្ចប្រយុទ្ធ និងទប់ស្កាត់ការឆ្លងវីរុស ដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។
យោងតាមក្រសួងកិច្ចការស៊ីវិលរបស់ចិន ក្នុងចំណោមបុគ្គលិកបម្រើការងារសហគមន៍ ដែលបានបាត់បង់ជីវិតខាងលើនេះ គឺមាន ៤៩នាក់ជាសមាជិកនៃគណបក្សកុម្មុយនិស្តចិន។ ក្រសួងក៏បានលើកឡើងអំពីសេចក្តីក្លាហាន និងវីរៈភាពនៃបុគ្គលិកសហគមន៍ទាំង ៥៣នាក់ដែលបានឆ្លងមេរោគកូរ៉ូណាថ្មី ឬ COVID-19 ហើយបានបាត់បង់ជីវិត អំឡុងពេលបំពេញកិច្ចការងារសង្គ្រោះប្រជាជាតិចិនផងដែរ។
លោក ជិន យឺលៀង (Chen Yueliang) មន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការស៊ីវិលចិន បានលើកឡើងថា រដ្ឋាភិបាលចិនសន្យាផ្តល់សំណងជាពិសេស សម្រាប់រាល់បុគ្គលិក ដែលបានបាត់បង់ជីវិតក្នុងពេលបំពេញកិច្ចការងារ ហើយរដ្ឋនឹងមើលថែទាំសមាជិកគ្រួសាររបស់ពួកគេ យ៉ាងស័ក្តិសមជាទីបំផុត។
គួរបញ្ជាក់ថា បើតាមតួលេខថ្មីដែលចេញដោយអាជ្ញាធរសុខាភិបាលចិន កាលពីព្រឹកថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៨០,៧៣៥ករណីហើយ ដោយនៅក្នុងនោះអ្នកជំងឺសរុប ៥៨,៦០០នាក់បានជះសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈអ្នកជំងឺសរុប ៣,១១៩នាក់ទៀត បានស្លាប់បាត់បង់ជីវិត៕