(ស្តុកហូម)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសស៊ុយអែត បានកើនឡើងដល់ ២០៣ករណី ហើយជាងពាក់កណ្តាលក្នុងចំណោមនោះ គឺស្ថិតនៅក្នុងរដ្ឋធានីស្តុកហូមតែម្តង ខណៈករណីឆ្លងនៅប៉ូឡូញបានកើនដល់ ១១ករណីផងដែរ។ នេះបើតាមការចេញផ្សាយដោតទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលស៊ុយអែតបានបញ្ជាក់ថា ភាគច្រើននៃអ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ COVID-19 គឺជាអ្នកទើបតែត្រឡប់មកពីតំបន់ភាគខាងជើងអ៉ីតាលី ឬមួយជាអ្នកដែលបានធ្វើប្រាស័យទាក់ទង ជាមួយអ្នកត្រឡប់មកពីប្រទេសអ៉ីតាលី។ បន្ថែមពីនេះ នៅក្នុងចំណោមអ្នកឆ្លងថ្មីនៅស៊ុយអែត ក៏មានអ្នកបើករថយន្តដឹកសិស្សសាលាម្នាក់ផងដែរ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ូឡូញបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ០៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១១ករណី។ ប៉ូឡូញបានប្រកាសពីការរកឃើញអ្នកផ្ទុក COVID-19 ជាលើកដំបូងកាលពីថ្ងៃទី០៤ ខែមីនា លើមនុស្សម្នាក់ដែលបានធ្វើដំណើរមកពីអាល្លឺម៉ង់៕