(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នេះថា អ្នកឆ្លងវីរុស COVID-19 ចំនួន ៦៩នាក់ទៀតត្រូវបានធ្វើតេស្ត និងរកឃើញ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៧,៣៨២ករណី ក្នុងនោះអ្នកជំងឺសរុប ៥១នាក់ស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
បើតាមការពិនិត្យលើតួលេខជាក់ស្តែង អត្រាអ្នកឆ្លងថ្មីៗនៃវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តធ្លាក់ចុះ ប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី (Shincheonji) នៅទីក្រុងដេគូ (Daegu) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ដែលជាប្រភពនៃការចម្លងមេរោគ ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ទូទាំងប្រទេស។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងនៅតែស្ថិតនៅក្នុង ការប្រកាសអាសន្នកម្រិតពណ៌ក្រហមខ្ពស់បំផុតដដែល ខណៈមនុស្សដែលអាជ្ញាធរបានទាក់ទងឲ្យមកធ្វើតេស្ត មានចំនួនជាង ២១០,០០០នាក់ ក្នុងនោះ ១៨៩,២៣៦ត្រូវបានធ្វើតេស្តរួចរាល់ ដោយក្នុងចំណោមពួកគេមាន ១៧១,៧៧៨នាក់ចេញលទ្ធផល «អវិជ្ជមាន»។ ដោយឡែកអ្នកជំងឺដែលបានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញនោះគឺមានតែ ១៦៦នាក់ប៉ុណ្ណោះ៕