(អ៉ីតាលី)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីតាលី បានកើនពីចំនួន ២៣៣នាក់ ឡើងទៅដល់ ៣៦៦នាក់ ខណៈត្រឹមតែមួយថ្ងៃប៉ុណ្ណោះស្លាប់១៣៣នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
ករណីកើនឡើងយ៉ាងខ្លាំងនេះ អាជ្ញាធរបានដាក់បំរាមដល់ប្រជាជនរាប់លាននាក់ ក្នុងការធ្វើដំណើរទូទាំងប្រទេសអ៉ីតាលី។
រដ្ឋាភិបាលអ៉ីតាលី នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា បានសម្រេចចិត្តបិទសាលសម្ដែង រោងបញ្ចាំងខ្សែភាពយន្ដ សារមន្ទីរ និងក្លឹបរាត្រីទាំងអស់ នៅទូទាំងប្រទេស ជាវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ កន្លងមកសាលារៀន និងសាកលវិទ្យាល័យបានប្រកាសបិទរួចហើយ។
នៅក្នុងអនុក្រឹត្យមួយចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte ប្រជាជន១៦លាននាក់ ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅទូទាំង តំបន់ Lombardy និងខេត្តចំនួន១៤ផ្សេងទៀត ផងដែរ ជាការវិធានការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ បើតាមលោក Conte រដ្ឋាភិបាលអ៉ីតាលី បានសម្រេចចិត្តបិទតំបន់ Lombardy ដែលមានប្រជាជន១០លាននាក់រស់នៅ និងទីក្រុង Milan លើកលែកតែច្រកចេញចូលបន្ទាន់តែប៉ុណ្ណោះ ហើយខេត្តក្បែរខាង ចំនួន១៤ ផ្សេងទៀត ដូចជា Modena, Parma, Piacenza, Reggio Emilia, Rimini, Pesaro and Urbino, Alessandria, Asti, Novara, Verbano Cusio Ossola, Vercelli, Padua, Treviso និង Venice ក៏នឹងត្រូវអនុវត្តវិធានការដូចគ្នានេះដែរ ដែលនឹងប៉ះពាល់ដល់ប្រជាជន ប្រមាណ១៦លាននាក់ នៅទូទាំង តំបន់ភាគខាងជើង នៃប្រទេសអ៉ីតាលី រហូតដល់ដើមខែមេសា ខាងមុខនេះ៕