(សូហ្វីយ៉ា)៖ អាជ្ញាធរសុខាភិបាលប៊ុលហ្គារី នៅថ្ងៃអាទិត្យនេះ បានអះអាងពីការរកឃើញការឆ្លងជំងឺ COVID-19 ចំនួនបួនករណីដំបូង នៅក្នុងប្រទេស។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលប៊ុលហ្គារី អ្នកជំងឺ COVID-19 ទាំងបួននាក់ខាងលើ មានបុរសពីរនាក់មកពីទីក្រុង Pleven ស្ថិតភាគខាងជើង និងស្ត្រីពីរនាក់មកពីទីក្រុង Gabrovo ស្ថិតនៅភាគខាងកណ្ដាលប្រទេស ប៊ុលហ្គារី។ រដ្ឋាភិបាលប៊ុលហ្គារី គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាគ្នាពីវិធានការបន្ថែម ក្នុងការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលបានឆ្លងទៅដល់មនុស្សច្រើនជាង ១០០,០០០នាក់ និងសម្លាប់ជីវិតមនុស្ស ៣,៥០០នាក់ នៅទូទាំងពិភពលោក៕