(ប៉េកាំង)៖ អាជ្ញាធរចិន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សស្លាប់បានកើនដល់៦នាក់ នៅក្នុងហេតុការណ៍ដួលរលំសណ្ឋាគារមួយកន្លែង នៅទីក្រុង Quanzhou នៃខេត្ត Fujian ភាគខាងកើតប្រទេស ដែលត្រូវបានប្រើប្រាស់ជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែលសង្ស័យថាអាចមានជំងឺ COVID-19។ នេះបើតាម ការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន CGTN នៅអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរនៅក្នុងតំបន់ មនុស្សចំនួន៤៣នាក់ ត្រូវបានជួយសង្រ្គោះយកចេញពីគំនរបាក់បែក ប៉ុន្តែក្នុងចំណោមពួកគេមាន ៦នាក់ បានស្លាប់ ខណៈ៣៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និង២៨នាក់ផ្សេងទៀត កំពុងជាប់នៅក្រោមគំនរបាក់បែកអគារនៅឡើយ ។ ហេតុការណ៍ខាងលើ បានកើតឡើងនាម៉ោង ប្រមាណជា០៧៖៣០នាទីយប់ថ្ងៃសៅរ៍ (ពេលវេលាក្នុងតំបន់កើតហេតុ) ក្នុងសង្កាត់ Licheng នៃទីក្រុង Quanzhou ដោយធ្វើឱ្យមនុស្សប្រហែលជា៧១នាក់ ជាប់នៅក្រោមការគំនរអគារនោះ។
គួរជម្រាបថា កិច្ចប្រឹងប្រែងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅ។ ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានមួយចំនួន អគារសណ្ឋាគារ Xinjia hotel កម្ពស់៥ជាន់ និងមានបន្ទប់ចំនួន៨០នេះ ត្រូវបានប្រើប្រាស់ជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែល សង្ស័យថាអាចមានជំងឺ COVID-19៕