(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី និងថៃ បានសម្រេចចិត្តហាមឃាត់ កប៉ាល់ដឹកអ្នកដំណើរខ្នាតយក្សមួយគ្រឿង ផ្ទុកមនុស្ស២,០០០នាក់ ក្នុងនោះរួមមានទាំងពលរដ្ឋអ៉ីតាលី រាប់សិបនាក់ ចូលចតក្នុងកំពង់ផែរបស់ខ្លួន ដោយសារព្រួយបារម្ភពីការឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
កប៉ាល់ដឹកអ្នកដំណើរខាងលើ មានឈ្មោះថា Costa Fortuna ត្រូវបានអាជ្ញាធរថៃ បណ្ដេញចេញឆ្ងាយពីកំពង់ផែ Phuket កាលពីថ្ងៃសុក្រ បើទោះជាម្ចាស់កប៉ាល់ អះអាងថាពុំមានករណីសង្ស័យអ្នកឆ្លង COVID-19 នៅលើកប៉ាល់ ក៏ដោយ។ បន្ថែមពីលើនេះ កាលពីថ្ងៃសៅរ៍ កប៉ាល់នេះដដែល ក៏បានព្យាយាមសុំការអនុញាតចូលចត នៅកំពង់ផែ នៃរដ្ឋ Penang ភាគខាងជើងប្រទេសម៉ាឡេស៊ី ផងដែរ ប៉ុន្តែត្រូវបានបដិសេធ ហើយបន្ទាប់ពីការបដិសេធពីខាងម៉ាឡេស៊ី កប៉ាល់ Costa Fortuna បានបន្តដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។
យ៉ាងណាក៏ដោយ កប៉ាល់ Costa Fortuna ដែលទំនងដូចជាកំពុងមានជោគវាសនាដូចកប៉ាល់ Westerdam មិនទាន់ប្រាកដថាអាចចូលចតនៅកំពង់ផែសិង្ហបុរី ឬក៏យ៉ាងណានោះទេ ខណៈមានសេចក្ដីរាយការណ៍ថាការបដិសេធរបស់ថៃ និងម៉ាឡេស៊ី ទំនងជាដោយសារតែមានពលរដ្ឋអ៉ីតាលី ៦៤នាក់ ជិះនៅលើកប៉ាល់ នោះដែរ។
គួរជម្រាបថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីតាលី បានកើនដល់ ២៣៣នាក់ គិតត្រឹមថ្ងៃសៅរ៍ ទី៧ ខែមីនា (ម៉ោងនៅក្នុងតំបន់) ខណៈ ចំនួនអ្នកឆ្លងសរុបកើនដល់ ៥,៨៨៣នាក់ ហើយចំនួននេះបានប្រែក្លាយអ៉ីតាលី ទៅជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត លំដាប់លេខ ២ បន្ទាប់ពីចិន៕