Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អាមេរិក៖ រកឃើញមនុស្សម្នាក់ផ្ទុក COVID-19 ក្រោយបញ្ចប់សន្និសីទដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលរួម (Video inside)

08-03-2020 12:46

(វ៉ាស៊ីនតោន)៖ មនុស្សម្នាក់ ដែលបានចូលរួមក្នុងសន្និសីទ Conservative Political Action Conference (CPAC) កាលពីសប្ដាហ៍មុន ក្រោមការចូលរួមដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺ COVID-19។ នេះបើតាម អង្គការសម្ព័ន្ធអ្នកអភិរក្សនិយមអាមេរិក (ACU) ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។

បើតាម ACU សន្និសីទ CPAC ត្រូវបានធ្វើឡើងនៅឯសាល National Harbor ក្នុងរដ្ឋ Maryland ស្ថិតនៅភាគខាងត្បូង នៃទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយ មន្ទីរពេទ្យ New Jersey hospital គឺជាអ្នកធ្វើតេស្ដលើមនុស្សម្នាក់ខាងលើ ខណៈមជ្ឈមណ្ឌលគ្រប់គ្រង និងបងា្ករជំងឺឆ្លងអាមេរិក CDC ទទួលស្គាល់ថា ការធ្វើតេស្ដបង្ហាញថា មនុស្សម្នាក់នេះមានផ្ទុក COVID-19។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការព្យាបាល នៅក្នុងរដ្ឋ New Jersey ក្រោមវិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។

លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានចូលរួមថ្លែងសុន្ទរកថា ក្នុងសនិសីទ CPAC កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ កន្លងទៅ ហើយមន្ត្រីជាន់ខ្ពស់អាមេរិកដទៃទៀត ដូចជាលោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានចូលរួមក្នុងសនិសីទនេះដែរ។

គួរជម្រាបថា មនុស្សពីរនាក់ ក៏ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុក COVID-19 ផងដែរ ក្រោយពួកគេបានចូលរួមសន្និសីទមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានការចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence), រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ព្រមទាំងសមាជិកសភាអាមេរិកជាច្រើននាក់ទៀត។ មនុស្សទាំងពីរនាក់នោះបានធ្វើដំណើរពីរដ្ឋ ញូយ៉ក (New York) ដើម្បីទៅចូលរួមព្រឹត្តិការណ៍ខាងលើ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០១ ដល់ ទី០៣ ខែមីនា៕