(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហំាម៉ាត់ ប៊ិន សាល់ម៉ាន ត្រូវបានគេរាយការណ៍ថា បានចេញបញ្ជាឱ្យចាប់ខ្លួនសែរាជវង្សជាន់ខ្ពស់បីអង្គ ក្នុងនោះរួមមានទាំង ព្រះបិតុលារបស់ព្រះអង្គផ្ទាល់ និងអតីតរាជទាយាទមួយអង្គ ដោយមិនមានការពន្យល់ពីហេតុផលឡើយ ខណៈកាសែតអាមេរិក Wall Street Journal ចុះផ្សាយថាការចាប់ខ្លួននេះ គឺមានជាប់ពាក់ព័ន្ធនឹង «អំពើក្បត់ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។ នេះបើតាមការដកផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
Wall Street Journal ដែលជាអ្នកចេញផ្សាយព័ត៌មានខាងលើមុនគេ បានឱ្យដឹងថាព្រះអង្គម្ចាស់ទាំងបីអង្គខាងលើ ក្នុងនោះរួមមាន ព្រះអនុជ (ប្អូនប្រុសបង្កើត) របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអឌីត គឺព្រះអង្គ អះម៉ាត់ ប៊ិន អាប់ឌុលអាហ្ស៊ីស (Ahmed bin Abdulaziz), អតីតរាជទាយាទ ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន ណាយេហ្វ ( Mohammed bin Nayef) និងព្រះអង្គម្ចាស់ ណាវ៉ាហ្វ ប៊ិន ណាយេហ្វ (Nawaf bin Nayef)។ កាសែតអាមេរិកមួយនេះ ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា ការចាប់ខ្លួន គឺធ្វើឡើងកាលពីថ្ងៃសុក្រកន្លងទៅ ដោយមានការយល់ព្រមពីព្រះមហាក្សត្រ សាល់ម៉ាន ហើយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហំាម៉ាត់ ប៊ិន សាល់ម៉ាន ចោទប្រកាន់ថាព្រះអង្គម្ចាស់ទាំងបីអង្គមានជាប់ពាក់ព័ន្ធនឹង «អំពើក្បត់ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។
យ៉ាងណាក៏ដោយ ខាងអាជ្ញាធរអារ៉ាប៊ីសាអូឌីត មិនទាន់ប្រតិកម្មអ្វីនឹងការចុះផ្សាយរបស់ Wall Street Journal នៅឡើយទេ ក៏ប៉ុន្តែបើសិនជាព្រះម្ចាស់ទាំងបីអង្គ ត្រូវបានគេ ចោទប្រកាន់ជាផ្លូវការពីបទក្បត់ពិតមែន នោះពួកទ្រង់អាចនឹងប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ឬក៏ត្រូវប្រហារជីវិតតែម្ដង។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់មហំាម៉ាត់ ប៊ិន សាល់ម៉ាន បានគ្រងតំណែងជារាជទាយាទអារ៉ាប៊ីសាអូឌីត ជំនួសព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន ណាយេហ្វ នៅក្នុងឆ្នាំ២០១៧ ហើយចុង ឆ្នាំដដែលនេះ ព្រះអង្គ បានដឹកនាំយុទ្ធនាការបោសសំអាតអំពើពុករលួយទ្រង់ទ្រង់ធំមួយនៅក្នុងប្រទេស តាមរយៈការចាប់ និងឃុំខ្លួនសែរាជ្យវង្សជាន់ខ្ពស់ រាប់សិបនាក់ ដែល សកម្មភាពនេះត្រូវបានអ្នកជំនាញជាច្រើនយល់ថាជាការពង្រឹងអំណាចរបស់ព្រះអង្គ៕