(ប៉េកាំង)៖ ការឆ្លង COVID-19 បានកើនឡើងដល់ ៨០,៦៩៥ករណី នៅទូទាំងប្រទេសចិន ដោយក្នុងនោះអ្នកជំងឺសរុប ៥៧,០៦៥នាក់បានជាសះស្បើយ ខណៈចំនួន អ្នកស្លាប់ក៏បានកើនឡើងដល់ ៣,០៩៧នាក់ផងដែរ។ នេះបើតាមរបាយការណ៍ថ្មីដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
គណៈកម្មការសុខាភិបាលចិនហៅកាត់ថា NHC បានបញ្ចេញរបាយការណ៍ថ្មី ដោយឱ្យដឹងថា នៅក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ម្សិលមិញនេះ អ្នកជំងឺ COVID-19 សរុប ១,៦៦១នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែក អ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងថ្ងៃសៅរ៍ដដែលនោះមានចំនួន ៤៤នាក់ និងអ្នកជំងឺ ២៧នាក់ស្លាប់។
គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺបានបង្ហាញពីការធ្លាក់ចុះជាលើកដំបូង នូវចំនួនអ្នកឆ្លង COVID-19 ថ្មីៗនៅក្រោមខ្ទង់រយ និងអ្នកស្លាប់ក្រោមខ្ទង់ ៣០នាក់ នៅទូទាំងប្រទេសចិន ជាពិសេសនៅក្នុងខេត្តហ៊ូប៉ី ដែលជាចំណុចស្នូលនៃការផ្ទុះ។ អ្នកជំនាញក៏មានក្តីសង្ឃឹមផងដែរថា ការឆ្លងថ្មីៗនៃមេរោគ COVID-19 នឹងធ្លាក់ដល់កម្រិតសូន្យតែម្តង នៅចុងខែមីនា ឆ្នាំ២០២០៕