(រ៉ូម)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីតាលី បានកើនដល់ ២៣៣នាក់ គិតត្រឹមថ្ងៃសៅរ៍ ទី៧ ខែមីនា (ម៉ោងនៅក្នុងតំបន់) ខណៈ ចំនួនអ្នកឆ្លងសរុបកើនដល់ ៥,៨៨៣នាក់ ហើយចំនួននេះបានប្រែក្លាយអ៉ីតាលី ទៅជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត លំដាប់លេខ ២ បន្ទាប់ពីចិន។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរអ៉ីតាលី តំបន់ទំាង២២ នៅទូទាំងប្រទេស សុទ្ធតែបានអះអាងពីការរកឃើញករណីឆ្លង COVID-19 ហើយតំបន់ដែលករណីឆ្លង និងមានមនុស្សស្លាប់ ច្រើនជាងគេគឺតំបន់ Lombardia, Emilia Romagna និងតំបន់ Veneto ដែលតំណាងឱ្យ៨៥ភាគរយ នៃករណីឆ្លង និង៩២ភាគរយនៃអ្នកស្លាប់ ដោយសារ COVID-19 នៅក្នុងប្រទេសអ៉ីតាលី។
គួរជម្រាបថា រដ្ឋាភិបាលអ៉ីតាលី បានអនុម័តលើផែនការដាក់ពង្រាយក្រុមគ្រូពេទ្យបន្ថែម ២០,០០០នាក់ ឱ្យទៅចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹង COVID-19 បន្ទាប់ពី ប្រកាសបិទសាលារៀន និងសាកលវិទ្យាល័យទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែមីនា។ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ មនុស្ស៥៨៩នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យ ក្រោយជាសះស្បើយទាំងស្រុង៕