(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៣៦៧បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៧,១៣៤នាក់ និង៥០នាក់ ដែលភាគច្រើនមានជំងឺប្រចាំកាយ បានបាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីភាគច្រើន លើសលប់ នៅតែបន្តត្រូវបានរកឃើញនៅក្នុងទីក្រុង Daegu និងខេត្ត Gyeongsang ខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង៩០ភាគរយ នៅទូទាំងប្រទេស។
កូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងដំបូងនៃជំងឺ COVID-19 កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ចេញពីវិហារសាសនា Shincheonji ក្នុងទីក្រុង Daegu មានប្រជាជន២.៥លាននាក់រស់នៅ និងមានចំងាយ៣០០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល៕