(អាហ្សង់ទីន)៖ ក្រសួងសុខាភិបាលអាហ្សង់ទីន បានឱ្យដឹងថា បុរសម្នាក់មានអាយុ ៦៤ឆ្នាំ បានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 ដែលនេះ គឺជាករណីស្លាប់ដំបូងបំផុត ក្នុងប្រទេស និងនៅក្នុងតំបន់អាមេរិកឡាទីនទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអាហ្សង់ទីន ចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បុរសម្នាក់ខាងលើ ជាអ្នករស់នៅក្នុងទីក្រុង Buenos Aires បានត្រឡប់មកពីតំបន់អឺរ៉ុប កាលពីថ្ងៃទី២៥ ខែកុម្ភៈ។ ប៉ុន្តែ មិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយនៅ ក្នុងតំបន់អឺរ៉ុបដែលបុរសម្នាក់នេះធ្លាប់ទៅនោះទេ ដោយគ្រាន់តែឱ្យដឹងថារូបគេក៏មានជំងឺប្រចាំកាយផងដែរ។
គួរជម្រាបថា គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អាហ្សង់មានករណីឆ្លង COVID-19 ចំនួន៨ ខណៈម៉ិចស៊ីកូ ប្រេស៊ីល អេក្វាឌ័រ ប៉េរូ កូឡុំប៊ី កូស្ដារីកា និង ឈីលី ក៏បានអះអាងពីករណីឆ្លងជំងឺនេះ នៅក្នុងប្រទេសរបស់ពួកគេផងដែរ៕