(ប៉េកាំង)៖ មនុស្សចំនួន៤៩នាក់ ត្រូវបានជួយសង្រ្គោះ ក្រោយសណ្ឋាគារមួយកន្លែងបានដួលរលំនៅទីក្រុង Quanzhou នៃខេត្ត Fujian ភាគខាងកើតប្រទេសចិន កាលយប់ថ្ងៃសៅរ៍ ម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើងនាម៉ោងប្រមាណជា០៧៖៣០នាទីយប់ថ្ងៃសៅរ៍ (ពេលវេលាក្នុងតំបន់កើតហេតុ) ក្នុងសង្កាត់ Licheng នៃទីក្រុង Quanzhou។ បើតាមអាជ្ញាធរនៅក្នុងតំបន់ មានមនុស្សប្រហែលជា៧០នាក់ ជាប់នៅក្រោមការគំនរអគារនោះ ហើយមកទល់នឹងព្រឹក ថ្ងៃអាទិត្យនេះ មនុស្ស៤៩នាក់ ត្រូវបានជួយសង្រ្គោះ តែមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់នោះទេ។
គួរជម្រាបថា បើតាមអាជ្ញាធរចិន កិច្ចប្រឹងប្រែងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅ។ ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានមួយចំនួន អគារសណ្ឋាគារ Xinjia hotel កម្ពស់៥ជាន់ និងមានបន្ទប់ចំនួន៨០នេះ ត្រូវបានប្រើប្រាស់ជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែល សង្ស័យថាអាចមានជំងឺ COVID-19៕