(តេហេរ៉ង់)៖ ទីភ្នាក់ងារព័ត៌មានក្នុងប្រទេសអ៉ីរ៉ង់ Tasnim News Agency នាថ្ងៃសៅរ៍នេះ បានរាយការណ៍ថា លោកស្រី Fatemeh Rahbar ដែលជាសមាជិកសភាអ៉ីរ៉ង់ម្នាក់ បានបាត់បង់ជីវិត ហើយក្រោយឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន CGTN នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
លោកស្រី Rahbar អាយុ៥៦ឆ្នាំ គឺជាតំណាងរាស្រ្តនៃទីក្រុងតេហេរ៉ង់ ហើយគាត់បានទទួលមរណភាព កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅតេហេរ៉ង់ ខណៈមុននោះមួយថ្ងៃគឺថ្ងៃព្រហស្បតិ៍ លោក Hossein Sheikholeslam ដែលជាទីប្រឹក្សារបស់រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ក៏បានស្លាប់ ក្រោយឆ្លងជំងឺ COVID-19 ផងដែរ។
គួរជម្រាបថា ចំនួនអ្នកឆ្លង COVID-19 នៅអ៉ីរ៉ង់បានកើនដល់៥,៨២៣នាក់ ក្នុងនោះស្លាប់១៤៥នាក់ និងជាសះស្បើយ១,៦៦៩នាក់ ។ បើតាមសេចក្តីរាយការណ៍ព័ត៌មានកន្លងមក សមាជិកសភាអ៉ីរ៉ង់សរុប២៣នាក់ ក្នុងចំណោម២៩០នាក់ បានឆ្លងជំងឺនេះ៕