(ប៉េកាំង)៖ មនុស្សចំនួន២៣នាក់ត្រូវបានជួយសង្រ្គោះ ក្រោយសណ្ឋាគារមួយកន្លែងបានដួលរលំនៅទីក្រុង Quanzhou នៃខេត្ត Fujian ភាគខាងកើតប្រទេសចិន នាយប់ថ្ងៃសៅរ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃ សៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើងនាម៉ោងប្រមាណជា០៧៖៣០នាទីយប់ថ្ងៃសៅរ៍នេះ (ពេលវេលាក្នុងតំបន់កើតហេតុ) ក្នុងសង្កាត់ Licheng នៃទីក្រុង Quanzhou។ យោងតាមរបាយការណ៍បឋម មានមនុស្សប្រហែលជា៧០នាក់ ជាប់នៅក្រោមការគំនរអគារនោះ ហើយគិតត្រឹមម៉ោង០៩៖០០នាទីយប់ (ម៉ោងក្នុងតំបន់កើតហេតុ) មនុស្សយ៉ាងតិច២៣នាក់ត្រូវបានជួយសង្រ្គោះ។
គួរជម្រាបថា បើតាមអាជ្ញាធរចិន កិច្ចប្រឹងប្រែងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅ។ ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានមួយចំនួន អគារសណ្ឋាគារកម្ពស់៥ជាន់នេះ ត្រូវបានប្រើប្រាស់ជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែល សង្ស័យថាអាចមានជំងឺ COVID-19៕