(សេអ៊ូល)៖ របាយការណ៍ប្រចាំថ្ងៃជាលើកទីពីរបានចេញមកហើយ ដោយនៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ នេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 បានកើនឡើងដល់ ៧,០៤១ករណី ក្រោយពីមនុស្ស ៤៤៨នាក់ថ្មីៗទៀតត្រូវបានធ្វើតេស្ត និងរកឃើញមេរោគនេះនៅក្នុងខ្លួន។ នេះបើតាមការចេញផ្សាយដោយ CNA។
ក្រៅពីអ្នកឆ្លងថ្មីៗចំនួន ៤៤៨នាក់ខាងលើនេះ អ្នកជំងឺដែលបានបាត់បង់ជីវិតក៏មានចំនួនពីរបន្ថែមទៀតដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ៤៦នាក់ ក្នុងនោះភាគច្រើនបំផុតគឺជាមនុស្សដែលមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយស្រាប់។ ដោយឡែកចំនួនអ្នកជាសះស្បើយវិញមានជាង ១០០នាក់។
គួរបញ្ជាក់តាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងហៅកាត់ថា KCDC ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ត្រីម្នាក់ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុក COVID-19 និងបានចូលក្នុងពិធីសាស្ត្រគ្រិស្តនៅក្នុងព្រះវិហារស៊ីនជុនជី (Shinchenji) ក្នុងទីក្រុងដេគូ (Daegu) អាជ្ញាធរកូរ៉េខាងត្បូងបាននាំយកមនុស្សរាប់សែនដែលពាក់ព័ន្ធទៅធ្វើតេស្តសុខភាពជាបន្តបន្ទាប់ ហើយបានប្រកាសអាសន្នកម្រិតខ្ពស់បំផុត (ពណ៌ក្រហម) នៅក្នុងប្រទេសផងដែរ។
គិតត្រឹមថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ មនុស្សជាង ១០០,០០០នាក់បានឆ្លង COVID-19 ក្នុងនោះ ៣,៤០០នាក់ស្លាប់ (ជាង ៣,០០០នាក់នៅចិន) នៅក្នុងបណ្តាប្រទេសជាង ៩០ទូទាំងពិភពលោក។ សម្រាប់បណ្តាប្រទេសដែលហាក់កំពុងរងគ្រោះខ្លាំង បន្ទាប់ពីចិននោះគឺមានដូចជា អ៉ីតាលី អ៉ីរ៉ង់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ៕