(ញូយ៉ក)៖ អភិបាលរដ្ឋញូវយ៉កលោក អាន់ឌ្រូ ឃ្យូម៉ូ (Andrew Cuomo) បានថ្លែងឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុសស្សជិត ៤,០០០នាក់នៅទូទាំងរដ្ឋញូយ៉ក បច្ចុប្បន្នកំពុងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេឯង ដើម្បីជាវិធានការការពារទុកជាមុន កុំឲ្យមានការរាតត្បាតជំងឺឆ្លង COVID-19 ខណៈចំនួនអ្នកឆ្លងនៅក្នុងរដ្ឋនេះបានកើនឡើងដល់ ៣៣នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
លោក Andrew Cuomo បានគូសបញ្ជាក់ទៀតថា នៅទូទាំងរដ្ឋញូយ៉កមាន មនុស្ស ២,៧០០នាក់រស់នៅទីក្រុងញូយ៉ក, ១,០០០នាក់រស់នៅតំបន់វែសឆេស្ទឺរ (Westchester) និង ៧០នាក់ទៀតរស់នៅតំបន់ ណាស់សាវ (Nassau County) បច្ចុប្បន្នកំពុងតែត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង ដើម្បីជាវិធានការប្រុងប្រយ័ត្នជាមុន។
គួរជម្រាបថា អាជ្ញាធរសុខាភិបាលរដ្ឋញូវយ៉ក បានរាយការណ៍ពីរកឃើញករណីឆ្លង COVID-19 ដំបូងរបស់ខ្លួនកាលពីថ្ងៃទី ០១ខែមីនាកន្លងទៅនេះ នៅលើស្ត្រីម្នាក់ស្ថិតក្នុងវ័យ ៣០ឆ្នាំដែលបានធ្វើដំណើរត្រឡប់ពីប្រទេសអ៊ីរ៉ង់។ ដោយឡែកកាលពីថ្ងៃអង្គារសប្តាហ៍នេះ មានបុរសម្នាក់ទៀតអាយុជាង ៥០ឆ្នាំ ប្រកបមុខរបរជាមេធាវីត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុស COVID-19 ដែលជាករណីទី ២ នៅក្នុងរដ្ឋញូយ៉កភាគឦសានអាមេរិក ហើយបុរសជាករណីទី ២ នេះទៀតសោតមានកូនម្នាក់ជានិស្សិតរៀននៅសកលវិទ្យាល័យ យែស៊ីវ៉ា (Yeshiva) នៃរដ្ឋញូយ៉ក ក៏ត្រូវបានគេរកឃើញថាមានផ្ទុកវីរុស COVID-19 ផងដែរ។ រហូតមកដល់ពេលនេះចំនួនឆ្លង COVID-19 នៅរដ្ឋញូយ៉កបានកើនដល់ ៣៣នាក់ហើយ ដែលភាគច្រើននៃពួកគេគឺធ្លាប់មានទំនាក់ទំនងជាមួយករណីទី ២៕