(វ៉ាស៊ីនតោន)៖ មនុស្សពីរនាក់ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុក COVID-19 ក្រោយពួកគេបានចូលរួមសន្និសីទមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានការចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence), រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ព្រមទាំងសមាជិកសភាអាមេរិកជាច្រើននាក់ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
មនុស្សទាំងពីរនាក់នោះបានធ្វើដំណើរពីរដ្ឋ ញូយ៉ក (New York) ដើម្បីទៅចូលរួមព្រឹត្តិការណ៍ខាងលើ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០១ ដល់ ទី០៣ ខែមីនា ខណៈបើតាមអាជ្ញាធរអាមេរិក រដ្ឋ New York ទើបតែរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីៗ ២២នាក់ហើយចំនួនសរុបកើនដល់ ៤៤នាក់។ យ៉ាងណាមិញមិនទាន់មានការរាយការណ៍ អំពីការរកឃើញអ្នកដទៃទៀត ដែលចូលរួមក្នុងសន្និសីទខាងលើឆ្លង COVID-19 នោះទេ។
គួរជម្រាបថា សន្និសីទនោះមានការចូលរួមពីសំណាក់បុគ្គលសំខាន់ៗ រួមមានលោក Pence, លោក Peompeo, ប្រធានព្រឹទ្ធសមាជិកសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក មីត ម៉ាកខុនណែល (Mitch McConnell) និងមហាសេដ្ឋីអាមេរិក និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិកលោក ម៉ៃឃើល ប្លូមប៊ឺក (Mike Boomberg) ស្របពេលដែលសន្និសីទដដែលនោះត្រូវបានគេរំពឹងថា មានមនុស្សប្រហែល ១៨,០០០នាក់បានចូលរួម។
បច្ចុប្បន្ននៅសហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 យ៉ាងតិច ៣៣២នាក់ និងមានអ្នកស្លាប់ ១៧នាក់ ក្នុងនោះ១៤នាក់ស្លាប់នៅរដ្ឋវ៉ាស៊ីនតោនស្ទេត ម្នាក់នៅកាលីហ្វរញ៉ា និងពីរនាក់នៅរដ្ឋផ្លូរីដា។ គិតមកទល់ពេលនេះ រដ្ឋនៅអាមេរិកចំនួន ២៨ហើយបានប្រកាសពីករណីជាក់ស្តែង ឬក៏ ករណីសង្ស័យនៃអ្នកឆ្លងវីរុស COVID-19។ ចំណែកមនុស្ស ២១នាក់ នៅលើកប៉ាល់ទេសចរណ៍ឈ្មោះថា Grand Princess នៅរដ្ឋកាលីហ្វរញ៉ា ក៏ត្រូវបានធ្វើតេស្តរកឃើញផ្ទុក COVID-19 ផងដែរក្នុងចំណោមមនុស្សប្រមាណ ៣,០០០នាក់៕