(អាមេរិកឡាទីន)៖ នាចុងសប្តាហ៍នេះប្រទេសចំនួន ០៧ នៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង (ឡាទីន) ទើបតែប្រកាសពីការរកឃើញជាលើកដំបូងនូវអ្នកឆ្លង COVID-19 ស្របពេលដែលប្រទេសមួយចំនួនបានរកឃើញជាបន្តបន្ទាប់ថែមទៀត នូវអ្នកឆ្លងមេរោគដ៏កាចសាហាវនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលប៉េរូបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ជាលើកដំបូងនៅក្នុងប្រទេសខ្លួន ដែលបុគ្គលនោះជាបុរសអាយុ ២៥ឆ្នាំ និងទើបតែត្រឡប់មកពីធ្វើដំណើរកម្សាន្តនៅតំបន់អឺរ៉ុប។ អាជ្ញាធរសុខាភិបាលកូឡុំប៊ី ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងដំបូងដែរគឺនារីវ័យ ១៩ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់មកពីអ៉ីតាលី។ ប្រទេសអាមេរិកកណ្តាលមួយផងដែរ ដែលបានរកឃើញអ្នកឆ្លងដំបូងនៃ COVID-19 គឺកូស្តារីកា ដែលជាស្រ្តីជនជាតិអាមេរិកម្នាក់អាយុ ៤៩ឆ្នាំ ដោយគាត់បានចូលមកដល់ទឹកដីកូស្តារីកា កាលពីថ្ងៃទី០១ ខែមីនា។
ស្របពេលជាមួយគ្នានេះ ប្រេស៊ីលបានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ០៥នាក់ទៀត ដែលធ្វើឲ្យចំនួនករណីសរុបកើនដល់ ១៣នាក់នៅទូទាំងប្រទេស។ នៅអាហ្សង់ទីន ក៏មានការរកឃើញករណីឆ្លងថ្មីៗចំនួន ០៦នាក់ផងដែរ ដែលប្រការនេះធ្វើឲ្យចំនួនសរុបកើនដល់ ០៨នាក់។ ចំណែកឈីលី ទើបតែបានបញ្ជាក់ពីការរកឃើញអ្នកជំងឺ COVID-19 ទី ៥ នៅក្នុងប្រទេសខ្លួន ស្របពេលដែលអេក្វាឌ័ររកឃើញអ្នកឆ្លងទី ១៤។
គួរជម្រាបថា ក្រៅពីនេះសាធារណរដ្ឋដូមីនីក ក៏ជាប្រទេសអាមេរិកកណ្តាលមួយចំនួនទៀត ដែលមានអ្នកឆ្លងជំងឺ COVID-19 នេះដែរដោយនៅទីនោះមានអ្នកឆ្លង ០២នាក់។ សម្រាប់ប្រទេសអាមេរិកឡាទីន ដំបូងគេដែលបានរកឃើញអ្នកផ្ទុកវីរុស COVID-19 នោះគឺប្រេស៊ីល៕