(ឡុងដ៌)៖ សម្ព័នភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលហៅកាត់ថា CEPI នៅថ្ងៃសុក្រសប្តាហ៍នេះបានចេញសេចក្តីអំពាវនាវសុំជំនួយ ២ពាន់លានដុល្លាអាមេរិក ដើម្បីគាំទ្រដល់ការបង្កើតវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង COVID-19 ដែលបាន និងកំពុងរាលដាលពាសពេញពិភពលោក។ នេះបើយោងតាមការផ្សាយចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី ០៧ ខែមីនា ឆ្នាំ២០២០។
ជំងឺឆ្លង COVID-19 គឺជាការគំរាមកំហែងដែលពុំធ្លាប់មានពីមុនមក ព្រោះវាបានធ្វើឲ្យប៉ះពាល់ជាសកល ដូច្នេះសម្ព័នភាពពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត CEPI បានលើកឡើងថា ដោយសារតែវិធានការទប់ស្កាត់ អាចគ្រាន់តែជួយកាត់បន្ថយការឆ្លងរាលដាលនោះ ការចាក់វ៉ាក់សាំង គឺជាគន្លឹះល្អបំផុតក្នុងការគ្រប់គ្រងរយៈពេលយូអង្វែង។
នាយកប្រតិបត្តិ នៃសម្ព័នភាព CEPI លោក រីឆាដ ហាតឈិត (Richard Hatchett) មានប្រសាសន៍យ៉ាងដូច្នេះថា «វាកាន់តែច្បាស់ណាស់ថា វិធានការទប់ស្កាត់ COVID-19 គ្រាន់តែអាចជួយកាត់បន្ថយការរីករាលដាលរបស់វាប៉ុណ្ណោះ ខណៈមេរោគមួយនេះកំពុងតែឈានដល់ដំណាក់កាល នៃការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ដោយបានធ្វើឲ្យប៉ះពាល់ជាសកល»។ លោកបានបន្ថែមទៀតថា «វាជាការសំខាន់ណាស់ដែលយើងត្រូវវិនិយោគ លើការបង្កើតវ៉ាក់សាំង ដែលនឹងអាចការពារមនុស្សមិនឲ្យធា្លក់ខ្លួនឈឺបាន»។
លោក Hatchett បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រសិនបើគ្មានការចូលរួមវិភាគទាន ផ្នែកហិរញ្ញវត្ថុភ្លាមៗទេ កម្មវិធីអភិវឌ្ឍវ៉ាក់សាំងដែលយើងបានចាប់ផ្តើម នឹងមិនអាចរីកចម្រើនបានទេ ហើយទីបំផុតនឹងមិនអាចផ្តល់ថ្នាំវ៉ាក់សាំង ដែលពិភពលោកកំពុងត្រូវការនោះទេ»។
គួរជម្រាបថា សម្ព័នភាព CEPI បានចាប់ផ្តើមដំបូងនៅឆ្នាំ ២០១៧ ដោយមានមូលនិធិដំបូងរបស់ខ្លួនចំនួន ៤៦០លានដុល្លាអាមេរិក ដែលបានចូលរួមឧបត្ថម្ភដោយរដ្ឋាភិបាលអាល្លឺម៉ង់ ជប៉ុន និងន័រវែស ព្រមទាំងមូលនិធិកំពូលមហាសេដ្ឋីអាមេរិក ប៊ីល និងមីលីនដាហ្គេត (Bill & Melinda Gates) និងមូលនិធិសប្បុរសធម៌សុខភាពពិភពលោកផងដែរ។ វត្ថុបំណងរបស់វាគឺដើម្បីពន្លឿនដំណើរការនៃការបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតថ្មីនានា ដូចជាជំងឺឆ្លង COVID-19 នេះជាដើម៕