(សេអ៊ូល)៖ កូរ៉េខាងត្បូងនាព្រឹកថ្ងៃសៅរ៍នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤៨៣នាក់ថែមទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៦,៧៦៧ករណី ហើយមានអ្នកជំងឺសរុបដែលបានបាត់បង់ជីវិត កើនថែមម្នាក់ទៀតគឺដល់ ៤៤នាក់។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
គិតត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រម្សិលមិញ (ពេលវេលានៅទីក្រុងសេអ៊ូល) តួលេខអ្នកដែលបានឆ្លងវីរុស COVID-19 ក្នុងប្រទេសកូរ៉េខាងត្បូង សរុបចំនួន ៦,៧៦៧ករណី ដែលបើធៀបនឹងរយៈពេល ២៤ម៉ោងមុន គឺបានកើនឡើង ៤៨៣ករណីបន្ថែម។ ជាមួយគ្នានោះ អ្នកជំងឺម្នាក់ក៏ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតផងដែរ ដែលប្រការនេះធ្វើឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ ៤៤នាក់។ ចំណែកអ្នកជំងឺដែលបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយបានកើនដល់ ១១៨នាក់។
គួរជម្រាបថា ទីក្រុងដេគូ (Daegu) គឺជាចំណុចកណ្តាលនៃការផ្ទុះរាលដាល COVID-19 ដែលមានអ្នកឆ្លងដល់ទៅចំនួន ៥,០៨៤ករណី ហើយខេត្តគ្យុងសាងខាងជើង (North Gyeongsang) ដែលនៅជាប់គ្នាមាន ១,០៤៩ករណី។ តំបន់ទាំងពីរនេះ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង និងមានចម្ងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា ភាគច្រើនបំផុតនៃអ្នកបាត់បង់ជីវិត គឺជាមនុស្សដែលមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយស្រាប់៕