(ប៉េកាំង)៖ ការឆ្លង COVID-19 បានកើនឡើងដល់ ៨០,៦៥១ករណីនៅទូទាំងប្រទេសចិន ដោយក្នុងនោះអ្នកជំងឺសរុប ៥៥,៤០៤នាក់បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៣,០៧០នាក់ផងដែរ។ នេះបើតាមរបាយការណ៍ថ្មីដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
គណៈកម្មការសុខាភិបាលចិនហៅកាត់ថា NHC បានបញ្ចេញរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសុក្រនេះថា នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ អ្នកជំងឺ COVID-19 សរុប ១,៦៧៨នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុងថ្ងៃសុក្រដដែលនោះមានចំនួន ៩៩នាក់ (៧៤នាក់នៅក្នុងខេត្តហ៊ូប៉ី) និងអ្នកជំងឺ ២៨នាក់ស្លាប់។
គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺបានបង្ហាញពីការធ្លាក់ចុះជាលើកដំបូង នូវចំនួនអ្នកឆ្លង COVID-19 ថ្មីៗនៅក្រោមខ្ទង់រយ និងអ្នកស្លាប់ក្រោមខ្ទង់ ៣០នាក់ នៅទូទាំងប្រទេសចិន ជាពិសេសនៅក្នុងខេត្តហ៊ូប៉ី ដែលជាចំណុចស្នូលនៃការផ្ទុះ។ អ្នកជំនាញក៏មានក្តីសង្ឃឹមផងដែរថា ការឆ្លងថ្មីៗនៃមេរោគ COVID-19 នឹងធ្លាក់ដល់កម្រិតសូន្យតែម្តង នៅចុងខែមីនា ឆ្នាំ២០២០៕