(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនាថ្ងៃសុក្រនេះបានបញ្ជាក់ថា មនុស្ស២នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ លោក Achmad Yurianto ដែលជាមន្រ្តីនៃក្រសួងសុខាភិបាលឥណ្ឌូណេស៊ី មនុស្ស២នាក់នោះ គឺជាជនជាតិឥណ្ឌូណេស៊ីផ្ទាល់ ដែលមានវ័យខ្ទង់៣០ឆ្នាំ ហើយពួកគេត្រូវបានធ្វើតេស្តពិនិត្យរកមើល COVID-19 បន្ទាប់ពីមានការ ទាក់ទងជាមួយអ្នកឆ្លង២ករណីមុន។
គួរជម្រាបថា សរុបមកទល់ពេលនេះ ករណីអ្នកដែលបានឆ្លងជំងឺ COVID-19 នៅឥណ្ឌូណេស៊ី កើនដល់៤ករណី។ ឥណ្ឌូណេស៊ី បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ២ករណីដំបូង កាលពីដើមសប្តាហ៍នេះ គឺស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ និង កូនស្រីគាត់ រស់នៅតំបន់ Depok ក្បែររដ្ឋធានីហ្សាការតា ដោយអ្នកទាំងពីរធ្លាប់មានការទាក់ទងជាមួយជនជាតិជប៉ុនម្នាក់ ដែល ត្រូវបានគេធ្វើតេស្តរកឃើញ COVID-19 នៅម៉ាឡេស៊ី៕