(គូឡាឡាំពួ)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីនាថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីចំនួន ២៨ករណីបន្ថែមទៀត ដែលប្រការនេះធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់៨៣នាក់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
នាថ្ងៃសុក្រនេះក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រាប់ថា អ្នកឆ្លងជំងឺ COVID-19 ២៨នាក់ថែមទៀត ត្រូវបានរកឃើញនៅក្នុង ប្រទេសខ្លួន ហើយអាជ្ញាធរកំពុងតែធ្វើការស្វែងរក និងធ្វើរោគវិនិច្ឆ័យទៅលើ អ្នកដែលបានធ្វើប្រាស្រ័យទាក់ទងជាមួយ អ្នកឆ្លង ក្នុង ករណី ទាំងនេះ។
គួរជម្រាបថា ចំនួនករណីថ្មីខាងលើបានធ្វើឲ្យចំនួនអ្នកដែលបានឆ្លង COVID-19 សរុប នៅម៉ាឡេស៊ីកើនដល់៨៣នាក់ ដោយក្នុង នោះមាន៦៥នាក់ គឺជាជនជាតិម៉ាឡេស៊ីផ្ទាល់។ ជាមួយគ្នានេះ អ្នកជំងឺម្នាក់ ដែលជាជនជាតិជប៉ុន ក៏បានជាសះស្បើយទាំងស្រុង ឡើងវិញផងដែរ ខណៈសរុបមក មនុស្ស២៣នាក់បានជាពីជំងឺ COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី៕