(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលប្រទេសអាល្លឺម៉ង់ នាថ្ងៃសុក្រនេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន១៣៤ នាក់បន្ថែមទៀត ដែលនាំឲ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងរហូតដល់៥៣៤នាក់នៅទូទាំងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញតួលេខអ្នកឆ្លង COVID-19 នៅអាល្លឺម៉ង់គឺនៅត្រឹម៤០០នាក់ លុះនៅពេលរសៀលថ្ងៃសុក្រនេះ ក៏បានកើនឡើងដល់៥៣៤នាក់ ហើយជាងពាក់កណ្តាលនៃពួកគេ ពោលគឺ២៨១ករណី ស្ថិតនៅក្នុងរដ្ឋ North Rhine-Westphalia ភាគខាងលិចអាល្លឺម៉ង់ ដែលជារដ្ឋមួយមានប្រជាជនរស់នៅច្រើនជាងគេក្នុងប្រទេសអាល្លឺម៉ង់។
គួរជម្រាបថា រហូតមកដល់ពេលនេះ អាល្លឺម៉ង់មិនទាន់បានរាយការណ៍ពីករណីស្លាប់នៅឡើយទេ ខណៈអ្នកជំងឺ COVID-19 ត្រូវបានគេរកឃើញនៅក្នុងរដ្ឋសហព័ន្ធយ៉ាងតិចចំនួន ១៥ក្នុងចំណោមរដ្ឋសហព័ន្ធទាំង១៦នៃប្រទេសអាល្លឺម៉ង់៕