(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន១៣ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី ក្នុងចំណោម១៣ករណីថ្មីខាងលើ មាន២ករណីទំនង ជាករណីនាំចូល គឺម្នាក់ជាអ្នកបម្រើលើយន្តហោះរបស់អាកាសចរណ៍សិង្ហបុរី Singapore Airlines និងម្នាក់ទៀតទើបត្រឡប់មកពី ប្រទេសអាល្លឺម៉ង់។ សម្រាប់១១ករណីទៀត គឺមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ នៅក្នុងប្រទេសិង្ហបុរី ។ គិតនៅត្រឹមថ្ងៃសុក្រនេះ ចំនួនករណីអ្នកដែលបានឆ្លងជំងឺ COVID-19 នៅសិង្ហបុរី គឺកើនដល់១៣០ករណីហើយ តាំងតែករណីដំបូងត្រូវបានរកឃើញនៅ ថ្ងៃទី២៣ ខែមករា។

គួរជម្រាបថា យ៉ាងណាមិញ នៅថ្ងៃស្រុកដដែលនេះ អ្នកជំងឺម្នាក់ថែមទៀត ទើបត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ដែលប្រការនេះធ្វើឲ្យចំនួនអ្នកជាពីជំងឺ COVID-19 នៅក្នុងប្រទេសសិង្ហបុរី កើនដល់៨២នាក់ ក្នុងចំណោម អ្នកដែលបានឆ្លងទាំង១៣០នាក់៕