(តេហេរ៉ង់)៖ ទីប្រឹក្សាមួយរូបរបស់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោក ហូស្សេន ហ្សេកហូឡេស្លេម (Hossein Sheikholeslam) បានទទួលមរណភាពហើយ ដោយសារតែជំងឺឆ្លង COVID-19 ដែលកំពុងញាំញីប្រទេសឥស្លាមមួយនេះ យ៉ាងដំណំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
CNA តាមរយៈការផ្សាយដោយសារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA បានឲ្យដឹងទៀតថា «លោក Hossein Sheikholeslam ជាអ្នកការទូតជើងចាស់មួយរូប បានទទួលមរណភាពហើយ កាលពីថ្ងៃយប់ថ្ងៃព្រហស្បតិ៍»។ លោក Hossein Sheikholeslam បានបម្រើការងារ តាំងតែពីឆ្នាំ១៩៧៩ មកម្ល៉េះឲ្យរដ្ឋាភិបាលអ៉ីរ៉ង់ និងជាទីប្រឹក្សាផ្ទាល់មួយរូបរបស់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់បច្ចុប្បន្ន គឺលោក មហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif)។
គួរបញ្ជាក់ថា តួលេខចុងក្រោយនៅអ៉ីរ៉ង់គឺមនុស្សស្លាប់ដោយសារ COVID-19 មានចំនួន ១០៧នាក់ និងឆ្លង ៣,៥១៣ករណី ក្នុងនោះសមាជិកសភា ២៣រូប និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ក៏បានឆ្លងមេរោគដ៏កាចសាហាវនេះផងដែរ៕