(បុរីវ៉ាទីកង់)៖ បុរីវ៉ាទីកង់ដែលជារដ្ឋឯករាជ្យមួយ ស្ថិតនៅក្រោមការដឹកនាំរបស់សម្ដេច ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) បានរាយការណ៍ពីករណីឆ្លងដំបូងនៃមេរោគ COVID-19។ នេះបើតាមការដកស្រង់ ចេញផ្សាយពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
អ្នកនាំពាក្យបុរីវ៉ាទីកង់លោក ម៉ាត់ធីអូ ប្រ៊ូនី (Matteo Bruni) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សេវាទទួលព្យាបាលអ្នកជំងឺ ដែលមិនចាំចាច់ដេកសម្រាកព្យាបាលពេញមួយយប់ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន នៅឯគ្លីនិកសុខាភាពក្នុងបុរី បន្ទាប់ពីអ្នកជំងឺម្នាក់ត្រូវបានគេធ្វើតេស្ដរកឃើញថា មានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួន។
លោក Matteo បានបន្ថែមទៀតថា គ្លីនិកសុខភាពខាងលើក្នុងបុរីវ៉ាទីកង់ នឹងត្រូវលាងសម្អាតដើម្បីសម្លាប់មេរោគ ហើយបន្ទប់សង្រ្គោះបន្ទាន់នឹងនៅតែបន្ត បើកទ្វារទទួលអ្នកជំងឺដដែល។ វ៉ាទីកង់ក៏ជារដ្ឋឯករាជ្យមួយផងដែរ ដែលមានផ្ទៃដី ៤៤ហិកតា ស្ថិតនៅក្នុងប្រទេសអ៉ីតាលី និងនៅកណ្តាលទីក្រុងរ៉ូមតែម្តង ដោយមានប្រជាជនសរុបជាង ១,០០០នាក់៕